យុវវ័យចែករំលែកបទពិសោធន៍ការឈឺចាប់ក្នុងពេលមករដូវ
យុវតីភាគច្រើនតែងតែមានអារម្មណ៍ភិតភ័យឲ្យតែជិតដល់ថ្ងៃមករដូវ
ព្រោះពេលខ្លះពូកគេចុកពោះរហូតទ្រាំមិនបាន
ហើយមានអ្នកខ្លះដល់ថ្នាក់ដេកយំធ្វើការឬទៅរៀនក៏មិនបានផង។
ទាក់ទិននឹងអាការៈឈឺចាប់ពេលមករដូវនេះ ក្រុមការងារnob70
បានជួបសម្ភាសជាមួយយុវវ័យប៉ុន្មាននាក់ដើម្បីសុំឲ្យពួកគាត់ចែករំលែកពិសោធន៍
និងវិធីដោះស្រាយដល់មិត្តយុវតីដទៃទៀត។
រូបតំណាង
អង្គុយក្រោមដើមឈើមុខសាលារង់ចាំបងប្រុសមកយក យុវតី ទេពី សិស្សថ្នាក់បាក់ឌុបនៃវិទ្យាល័យច្បារអំពៅ បានបង្ហាញបទពិសោធន៍ផ្ទាល់ខ្លួនដោយមិនលាក់លៀមថា ប្អូនមិនចង់នឹកដល់ថ្ងៃនោះទេ ព្រោះឲ្យតែដល់ថ្ងៃនោះម្ដងៗ ប្អូនត្រូវទ្រោមខ្លួនមិនអាចទៅណាមកណាបានទេ។ យុវសិស្សវ័យ១៩ឆ្នាំខាងលើបានឲ្យដឹងទៀតថា ប្អូនស្រីចាប់ផ្ដើមមានរដូវតាំងពីរៀនថ្នាក់ទី៩ មកម្ល៉េះ ហើយតែងតែឈឺចាប់ក្នុងពោះរកនិយាយមិនត្រូវ ទោះបីញ៉ាំថ្នាំបំបាត់ការឈឺចាប់ ឬស្អំទឹកក្ដៅ ឬវិធីអីផ្សេងក៏មិនបាត់ដែរ។
“ថីមិនធ្លាប់ បើនិយាយពីមុនពេលមករដូវ១ថ្ងៃ ២ថ្ងៃ វាធ្វើឲ្យខ្ញុំចុករោយចង្កេះស្ទើរតែដាច់ ហើយពេលខ្លះរកក្អួតចង្អោដូចអ្នកមានកូនចឹង” ។ កញ្ញា អៀម ចំណាន និស្សិតច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ នារីសម្បុរខ្មៅស្រអែមញញឹមស្រស់រូបនេះបានបន្ថែមថា “ម៉ាក់ខ្ញុំក៏ធ្លាប់ឈឺដូចខ្ញុំដែរ គឺដូចគ្នាតែម្ដង ចឹងខ្ញុំសង្ស័យថាមកពីតំណពូជហើយបង ព្រោះខ្ញុំធ្លាប់ហាត់ប្រាណ និងញ៉ាំថ្នាំតាមការណែនាំរបស់ពេទ្យ ក៏នៅតែមិនបាត់ដែរ”។
ចំណែកបទពិសោធន៍របស់បុគ្គលិកក្រុមហ៊ុនទេសចរណ៍មួយរូប គឺកញ្ញា កក្កដា ក៏ធ្លាប់មានអាការៈឈឺចាប់ពេលមករដូវដូច ទេពី និងចំណានដែរ ប៉ុន្តែបញ្ហានេះបានបញ្ចប់ទៅវិញដោយខ្លួនឯង។ “កាលពីខ្ញុំចាប់ផ្ដើមមករដូវដំបូង ខ្ញុំក៏មានអាការៈចុកពោះ និងរោយចង្កេះដូចនារីឯទៀតដែរ ប៉ុន្តែដល់ពេលខ្ញុំមានការងារធ្វើ ការចុកចាប់ទាំងនោះក៏បាត់ទៅវិញ។ ពេលខ្ញុំចូលធ្វើការ ខ្ញុំចាប់ផ្ដើមមានជីវិតសប្បាយច្រើន និងញ៉ាំបានគ្រប់គ្រាន់ទើបធ្វើឲ្យរាងកាយមានជីវជាតិគ្រប់គ្រាន់លែងចុកចាប់ដូចមុនទៀត ទោះបីជាថ្ងៃមករដូវក៏ដោយ”។
“ខ្ញុំធ្លាប់ឮប្រពន្ធរបស់ខ្ញុំត្អួញត្អែរ និងស្រែកយំរាល់ពេលនាងមករដូវម្ដងៗ “។ នេះជាសម្ដីផ្ទាល់របស់បុគ្គលិកអង្គការម្នាក់ដែលទើបតែរៀបការថ្មីថ្មោង បង្ហាញពីសភាពប្រពន្ធរបស់លោកក្នុងពេលមករដូវ។ ណាឫទ្ធិ បុរសខ្ពស់ស្រឡះវ័យ២៧ឆ្នាំ បានបន្តថា “ខ្ញុំតែងទិញថ្នាំបំបាត់ការឈឺចាប់ឲ្យនាងលេប តែពេលនេះនាងថាឈប់លេបហើយ ព្រោះវាដូចថ្នាំញៀន ពេលលេបក៏បាត់បានតែមួយភ្លែត។ ម្ដាយក្មេកខ្ញុំ ប្រាប់ឲ្យខ្ញុំទិញទឹកអំពៅឲ្យនាងញ៉ាំ ដល់ពេលនាងញ៉ាំឃើញថារាងបាត់ជាងមុនមែន”។
តើមាន nob70 នារីណាខ្លះដែលធ្លាប់ជួបស្ថានភាពឈឺចាប់ក្នុងថ្ងៃមករដូវបែបនេះដែរអត់? ហើយបើមាន តើមានវិធីសាស្ត្រណាអាចជួយដោះស្រាយបាន សូមជួយចែករំលែកផង។
ដោយ nob70
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: