៣​ក្នុង​​​៦​នាក់ ត្រូវ​តុលា​ការ​ផ្តន្ទា​ទោស​៣​ឆ្នាំ​ករណី​ផ្ទុះ​ហឹង្សា​លើ​ស្ពាន​អាកាស

0

ភ្នំពេញៈ តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​សម្រេច​ផ្តន្ទា​ទោស​យុវជន​បី​នាក់​ក្នុង​ចំណោម​​គ្នា​ ៦នាក់​​ ដែល​ពាក់​ព័ន្ធ​ករណី​ផ្ទុះ​អំពើ​ហឹង្សា​លើ​ស្ពាន​អាកាស​ក្បាល​ថ្នល់ កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន​ ដោយ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​បី​ឆ្នាំ ប៉ុន្តែ​ តម្រូវ​ឲ្យ​អនុវត្ត​ទោស​ត្រឹម​តែ​ពី​២៥​ថ្ងៃ​ ដល់​មួយ​ឆ្នាំ ប៉ុណ្ណោះ ក្រៅ​ពី​នេះ​ត្រូវ​ព្យួរ។
ព្រឹត្តិការណ៍ផ្ទុះអំពើហឹង្សា នា​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៣ ដែល​បង្ក​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ម្នាក់​ស្លាប់ និង​រង​របួស​ធ្ងន់​ស្រាល​ជា​ច្រើន​នាក់​ និង ៦ នាក់​ផ្សេង​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​នោះ​ បាន​កើត​ឡើង​បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល​ចម្រុះ បាន​ដាក់​ប៉ារាស​លួស​បន្លា និង​រនាំង​ដែក​បិទ​ផ្លូវ​លើ​ស្ពាន​អាកាស បង្កការ​កកស្ទះ​ចរាចរណ៍​ក្នុង​តំបន់​នោះ ស្រប​ពេល​​ក្រុម​បាតុកររាប់​ម៉ឺន​នាក់​ ដែល​មក​គាំទ្រ​មហា​បាតុកម្ម​ ដែល​ដឹក​នាំ​ដោយ​​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឯ​ទីលាន​ប្រជាធិប​តេយ្យ​ ​បាន​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួកគេ​វិញ។
ជន​សង្ស័យ​ចំនួន​៦​នាក់ រួម​មាន លោក ​ឡាញ់ សាមឿន អាយុ ២៨​ឆ្នាំ, លោក​វ៉ា នឿន អាយុ​៤០​ឆ្នាំ អ្នក​ទាំង​ពីរ​ជា​កម្មករ​នៅ​ដេប៉ូ​លក់​ឈើ​មួយ​ក្នុង​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​មាន​ជ័យ, លោក​ឯម ចាន់នូ អាយុ​១៧​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​បឹង​ត្របែក, លោក សុង និស្ស័យ អាយុ ២១​ឆ្នាំ និសិត្យ​ឆ្នាំ​ទី​២ ផ្នែក​គ្រប់​គ្រង​ធនាគារ នៃ​សាកល​វិទ្យាល័យ ភ្នំពេញ​អន្តរជាតិ, លោក តាំង​ ​សុខ​សេង អាយុ​១៩​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​ច្បារ​អំពៅ និង លោក ង្វៀង ធី​ឌឹក អាយុ២១​ឆ្នាំ ជា​កម្មករ​សំណង់​ ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​អំឡុង​ផ្ទុះ​អំពើ​ហឹង្សា​នោះ ហើយ​ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​​ពី​បទ​«បង្ក​ហឹង្សា​ដោយ​ចេតនា និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ» និង​ បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស។
២៥ ​ថ្ងៃ​ក្រោយ​ពី​ការ​ឃុំ​ខ្លួន ជន​ជាប់​ចោទ​បួន​នាក់​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​ សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ ហើយ​ជាង​ពីរ​ខែ​ក្រោយ​មក​ទៀត តុលាការ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​ដោះលែង​យុវសិស្ស​ម្នាក់​ទៀត​ឲ្យ​នៅ​ក្រៅ​ឃុំ លើក​លែង​តែ​បុរស​ជន​ជាតិ​វៀតណា​មម្នាក់ ឈ្មោះ ង្វៀង ធីឌឹក ដែល​ត្រូវ​បាន​បដិសេធ​សំណើរ​សុំ​នៅ​ក្រៅ​ឃុំ ដោយ​សារ​ចម្លើយ​ដោះ​បន្ទុក​របស់​​សាក្សី​មិន​មាន​សំអាង​​គ្រប់​គ្រាន់។​
រយៈ​ពេល​១១​ថ្ងៃ ក្រោយ​ពី​សំណុំរឿង​ដ៏ស្មុគស្មាញ​មួយនេះ ត្រូវ​បានតុលាការ​រាជធានី​ភ្នំពេញ​ ​លើកយក​​ជំនុំ​ជំរះ និង សួរដេញ​ដោលអស់​រយៈ​ពេល​ជាង​បួន​ម៉ោងនៅ​ក្នុង​សវនាការ​ កាលពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ​ កន្លង​មក​នោះ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក សេង នាង ចៅ​ក្រម​ជំនុំ​ជំ​រះ​ បាន​ធ្វើការប្រកាស​សាល​ក្រម​លើសំណុំរឿង​មួយនេះ ដោយ​បាន​សម្រេច លុប​ចោល​បទ​ចោទ​ ប្រកាន់ប្រឆាំង​លើយុវជន​បី​នាក់ ដែល​ជាសិស្សកំពុង​ជាប់​ការសិក្សា​រៀន​សូត្រ ប៉ុន្តែ​បាន​ផ្តន្ទាទោស​យុវជនបី​នាក់ទៀត ដែល​ជាកម្មករឲ្យ​ជាប់​ពន្ធនាគារក្នុង​ម្នាក់ៗ​​រយៈ​ពេល​​បី​ឆ្នាំ ប៉ុន្តែតម្រូវ​ឲ្យ​អនុវត្តទោស​ត្រឹម​តែ​ពី​២៥​ថ្ងៃ ដល់​មួយឆ្នាំ ប៉ុណ្ណោះ ។
លោកចៅ​ក្រម ​សេង​ នាង បាន​ប្រកាសថា៖«… លុបចោលបទចោទ​ប្រកាន់​លើ​ឈ្មោះឯម ចាន់នូ អាយុ​១៧​ឆ្នាំ, ឈ្មោះ សុង និស្ស័យ អាយុ ២១​ឆ្នាំ,​និង​ឈ្មោះ តាំង​ ​សុខ​សេង អាយុ​១៩​។ ​ផ្ដន្ទាទោស ឈ្មោះ ឡាញ់ សាមឿន អាយុ ២៨​ឆ្នាំ​ និង​ឈ្មោះ ​វ៉ា នឿន អាយុ​​៤០​ឆ្នាំ ឲ្យជាប់ពន្ធនាគារចំនួនបីឆ្នាំ ប៉ុន្តែ​តម្រូវឲ្យ​អនុវត្តទោសក្នុង​ពន្ធនាគារ​រយៈពេល​ត្រឹម​២៥​ថ្ងៃ ដោយគិត​រាប់ពី​ថ្ងៃបានចាប់​ខ្លួន ទោស​សល់​ពី​នេះត្រូវ​ព្យួរ។ ផ្ដន្ទាទោស​ឈ្មោះ ង្វៀង ធី ឌឹក អាយុ​២១​ឆ្នាំ ឲ្យជាប់ពន្ធនាគារចំនួនបីឆ្នាំ ប៉ុន្តែ​តម្រូវឲ្យ​អនុវត្ត​ទោសក្នុង​ពន្ធនាគារ​រយៈពេល​ត្រឹមតែ​មួយឆ្នាំ ដោយគិត​រាប់ពី​ថ្ងៃបានចាប់​ខ្លួន ទោស​សល់​ពី​នេះត្រូវ​ព្យួរ»។
ជាមួយគ្នានេះ លោក ចៅ​ក្រម សេង​ នាង ក៏​បាន​សម្រចបង្គាប់​ឲ្យអង្គភាពនគរបាល ដែល​បានចាប់ដក​ហូត​ទ្រព្យសម្បត្តិ​ពី​ឈ្មោះ​សុង ​និស្ស័យ​​ ក្នុង​អំឡុង​ពេល​ចាប់​ខ្លួន​នោះ​ ត្រូវ​យកទ្រព្យសម្បត្តិទាំងនោះ​មក​ប្រគល់ឲ្យ​ម្ចាស់ដើម​វិញផង​ដែរ។​ បន្ទាប់​មក លោក​ចៅ​ក្រម ក៏​បាន​បង្គាប់​ឲ្យ​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ដឹកនាំខ្លួនលោក ង្វៀង​ ធីឌឹក​ទៅ​កាន់​ពន្ធនាគារ​ ដើម្បី​អនុវត្តទោស​តាមសេចក្ដី​សម្រេច​នៃ​សាលក្រមនេះ។
មុន​ពេល​នាំខ្លួនទៅ​កាន់​ពន្ធនាគារ ជន​ជាប់​ចោទ ង្វៀង ធី​ឌឹក ដែលនៅ​ក្នុង​សវនាការ​សួរ​ដេញ​ដោល ​កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ បានឆ្លើយ​បដិសេធចម្លើយ​សារភាព​របស់​ខ្លួន នៅក្នុង​តំណាក់​​ការ​ស៊ើប​សួររបស់​នគរបាល​ ដែលថា​គាត់​បាន​គប់​ដុំថ្ម​ទៅ​លើ​ក្រុម​កម្លាំង​សមត្ថកិច្ច ក្នុង​អំឡុង​ពេល​មាន​ការ​ប៉ះ​ទង្គិច​​គ្នា​នៅ​លើ​ស្ពាន​អាកាស​ក្បាល​ថ្នល់​កាល​ពី​រាត្រី​នោះ ដោយ​សារ​គាត់​ត្រូវ​បាន​ក្រុម​នគរបាល​ ធ្វើទារុណ​កម្ម ដោយ​ប្រើ​ដំបង​ឆក់ វាយ​ដំលើ​រាងកាយ និង ឆក់​គាត់​ជាច្រើន​ដង ដើម្បី​បង្ខំឲ្យគាត់​ឆ្លើយ​សារភាព​នោះ មាន​ទឹក​មុខ​ស្រពាប់​ស្រពោន ហាក់​មិន​ពេញ​ចិត្តចំពោះ​ការ​សម្រេច​សេចក្ដី​នៃ​សាលក្រមនេះ។
អ្នកស្រី សាម សុគន្ធា ដែល​ជា​មេធាវី​ការ​ពារ​របស់គាត់ ឃើញ​ដូចឆ្នោះ ក៏បាន​ដើរ​ទៅ​ក្បែរគាត់ ហើយពន្យល់​ប្រាប់​គាត់​ថា៖« ចូរកុំ​អសង្ឃឹម​​អ្វី បើសិន​ធីឌឹក​មិន​ពេញ​ចិត្ត​និងយល់​ថា​ សាលក្រម​នេះ មាន​ភាព​អយុត្តិធម៌ ធីឌឹក​អាច​ប្ដឹង​ឡើង​ឧទ្ធរណ៍​បាន ហើយ​យើង​នៅ​មាន​ពេល​មួយ​ខែ​ទៀត​ សម្រាប់​ការ​រៀប​ចំ​នីតិវិធី ប្ដឹង​ឧទ្ធរណ៍នេះ»។
ដោយ​ឡែក យុវជនម្នាក់​ក្នុង​ចំណោម​គ្នា​បីនាក់ ដែល​ទទួល​បាន​ការ​សម្រេច​លើក​លែង​បទ​ចោទ​ប្រកាន់​ពី​តុលាការ​កាលពី​ព្រឹក​មិញនោះ លោក សុង និស្ស័យ និសិត្យ​ឆ្នាំ​ទី​២ ផ្នែក​គ្រប់​គ្រង​ធនាគារ នៃ​សាកល​វិទ្យាល័យ​ភ្នំពេញ​​អន្តរ​ជាតិ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖« នៅពេល​នេះ ខ្ញុំ​​រីករាយ​និង​ត្រេក​អរជា​ខ្លាំង នៅ​ពេល​ដែល​តុលា​ការ​​បានប្រកាស​​ផ្ដល់​ភាព​យុត្តិធម៌ និង ភាព​ស្អាត​ស្អំមក​ឲ្យ​ខ្ញុំ​វិញ »។
ស្រដៀង​គ្នា​នេះដែរ ​អ្នកស្រី សិន ចន្ថា អាយុ​៥៧​ឆ្នាំ ដែល​ជា​ម្ដាយ​របស់​យុវ​សិស្សឈ្មោះ ឯម ចាន់​នូ អាយុ​១៧​ឆ្នាំ ក៏​បាន​សម្ដែង​ក្ដី​ត្រេក​អរ​ផង​ដែរ នៅ​ពេល​ទទួល​បាន​ដំណឹង​ថា កូន​របស់គាត់​ត្រូវ​បាន​តុលាការ​ប្រកាស​លើក​លែង​បទចោទ​ប្រកាន់​ទោសនោះ។
អ្នកស្រី​បាន​ថ្លែងថា៖ «ខ្ញុំ​ជា​ម្ដាយ​មាន​ការ​ត្រេក​អរ​រំភើប​ក្នុង​ចិត្ត​ខ្លាំង​ណាស់ នៅ​ពេល​បាន​ទទួល​ដំណឹង​ថា តុលាការ​​បាន​ទម្លាក់​បទ​ចោទ​ប្រកាន់​មកលើកូនខ្ញុំ។»។
2_story_2
អំពើហិង្សា ផ្ទុះឡើងនៅលើស្ពានអាកាស កាលពីថ្ងៃទី១៥ កញ្ញា ២០១៣។ រូបថត ផា លីណា

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top