ផ្សារបន្លែគ្មានជាតិគីមី កំពុងទទួលការចាប់អារម្មណ៍ ពីអតិថិជនជាតិ និងអន្តរជាតិ
ភ្នំពេញ: ផ្សារបន្លែសួនធម្មជាតិ គ្មានជាតិគីមី នៅរាជធានីភ្នំពេញ កំពុងទទួលបានការចាប់អារម្មណ៍ ពីអតិថិជនជាតិ និងអន្តរជាតិ ហើយភាគច្រើន គឺភ្ញៀវបរទេសតែម្តង ដែលចូលទៅទិញបន្លែ នៅទីនោះច្រើន។ គ្រាន់តែមានតម្លៃខុសគ្នា នៅលើទីផ្សារ នៅរាជធានីភ្នំពេញបន្តិចប៉ុណ្ណោះ ដោយសារតែបន្លែ ដែលដឹកយកមកពីតាមបណ្តាខេត្តមួយចំនួន មកលក់នេះ គឺប្រើជីធម្មជាតិសុទ្ធ គឺជីកំប៉ុស មិនប្រើជីគីមីនោះទេ។
បើតាមសម្តី ឈ្មោះហេង ចាន់ធឿន ជាអ្នកលក់បន្លែ ដែលមានយីហោ កសិដ្ឋានធម្មជាតិ មានទីតាំងនៅផ្ទះលេខ ២១៦ដេ ផ្លូវលេខ៦៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌការមន ក្បែរភ្លើងស្តុបផ្សារបឹងកេងកង ប្រាប់ថា ផ្សារបន្លែកសិដ្ឋានធម្មជាតិនេះ ចាប់បើកលក់ នៅម៉ោង ៧:៣០ នាទីព្រឹក រហូតដល់ម៉ោង ៨ យប់ ទើបបិទ។ បន្លែទាំងអស់នេះ គឺដឹកមកពីតាមបណ្តាខេត្តមួយចំនួន មានខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តកំពង់ធំ… ។ កសិដ្ឋានដែលដាំបន្លែទាំងអស់នេះ គឺមានឈ្មោះថា សមាគមន៍កសិកម្មសរីរាង្គកម្ពុជា ។
បងស្រី អ្នកលក់បន្លែ នៅផ្សារបន្លែធម្មជាតិ បានបន្តថា ចំពោះបន្លែ ដែលដាក់លក់ មានជាច្រើនមុខណាស់ ដូចជាបន្លែក្នុងស្រុក រួមមាន ត្រប់ ត្រកួន ប៉េងបោះ ល្ពៅ ម្ទេសប្លោក ម្ទេសហាវ៉ៃ ខ្ទឹមខ្យល់ ក្រូចឆ្មារ ស្ពៃក្តោប ឆៃថាវ ត្រសក់ ត្រឡាច ការ៉ុត ខ្ទឹមស ខ្ទឹមក្រហម ខ្ញី សណ្តែកកួរ ពោត ដំឡូង ត្រាវ…។ ចំពោះបន្លែដែលនៅលើទីផ្សារ បន្លែមួយចំនួន មិនមានលក់ ដែលយកគ្រាប់ពូជពីស្រុកគេមកដាំ គឺមាន សាលាដ៍រ៉ុកកែត ជី Basil (ជីនាងវងបារាំង) Pasly Oka សាលាដ៍ក្តោប សាលាដ៍ស្វាយ ប៉េងបោះតូច និងមានបន្លែជាច្រើនទៀត រាប់មិនអស់។ ចំពោះបន្លែទាំងអស់នេះ ពេលដែលលក់មិនអស់ គឺយើងមិនបោះវាចោលទេ គឺយកវាមកធ្វើជាជីកំប៉ុសវិញ។
ចំពោះភ្ញៀវដែលចូលមកទិញបន្លែ នៅទីនេះវិញ ភាគច្រើន គឺជាភ្ញៀវបរទេស ចំណែកភ្ញៀវខ្មែរវិញ មិនសូវមានទេ គឺចូលមកមួយៗ។
បងស្រី បញ្ជាក់ទៀតថា នៅក្នុងហាងនេះ គឺមិនមែនមានតែបន្លែនោះទេ គឺមានលក់អង្ករ ត្រី សាច់ និងគ្រឿងផ្សំមួយចំនួនទៀត និងជាពិសេស គឺមានលក់ត្រីសាម៉ុន សំរាប់ញ៉ាំជាមួយវ៉ាសាប៊ីទៀតផងដែរ៕V/c
ផ្សាយក្នុងក្រុម សុខភាព
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: