រថយន្តកាមរី បាឡែន បុកស្ដ្រីបើកម៉ូតូ អូសប្រហែល៣០ ម៉ែត្រ ស្លាប់នៅកន្លែង កើតហេតុ

0

កោះកុង ៖ គ្រោះថ្នាក់ចរាចរដ៏រន្ធត់ មួយ បង្កឡើងដោយរថយន្ដរត់តាក់ស៊ី ១គ្រឿង បានបើកបុក ម៉ូតូ ស្ដ្រីម្នាក់ អូសប្រហែលជា៣០ម៉ែត្រ ទាំងមនុស្ស ទាំងម៉ូតូ ធ្វើឱ្យស្ដ្រីជាម្ចាស់ម៉ូតូ បាក់កស្លាប់ភ្លាមៗ នៅនឹងកន្លែង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅលើដងផ្លូវជាតិលេខ៤៨ ត្រង់ចំណុចជ្រោះតាប៉ន ភូមិព្រែកស្វាយ ឃុំស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្ដ កោះកុង ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា រថយន្ដតាក់ស៊ីបង្ក ម៉ាកកាមរីបាឡែន ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2K-8807 បើកបរដោយឈ្មោះពៅ រត់គេចខ្លួនបាត់ ក្រោយកើតហេតុ ។ ចំណែកម្ចាស់ម៉ូតូ ជាជន រងគ្រោះ ដែលស្លាប់នោះមានឈ្មោះ យាយ ស្រី អាយុ ៤៩ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ ជិះម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម មានមុខរបរជាអ្នកចាំដីឱ្យគេ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បាននិយាយថា មុនកើតហេតុ គេឃើញរថយន្ដតាក់ស៊ី បើកក្នុងល្បឿនលឿន ព្រោះវាចុះចំណោទ និងឡើងចំណោទ ហើយពេលចុះចំណោទទៀត មិនបន្ថយល្បឿន នៅតែលឿនដដែល ហើយម៉ូតូជនរងគ្រោះចេញ ពីផ្លូវលំចុះមកលើផ្លូវជាតិដែរ ពេលនោះស្រាប់តែបុកម៉ូតូនិងមនុស្សនៅពីក្រោមរថយន្ដ អូសពីថ្នល់ម្ខាង ទៅថ្នល់ម្ខាង ប្រហែល៣០ម៉ែត្រ ហើយជ្រុលទៅធ្លាក់ជ្រោះទៀត។
សមត្ថកិច្ចនៅកន្លែង កើតហេតុ បាននិយាយថា រថយន្ដបង្កនេះ បានចេញដំណើរ ពីកោះកុងមកភ្នំពេញ ដោយ មានឥវ៉ាន់ នៅគូទរថយន្ដពេញ ហើយនៅក្នុងរថយន្ដ មានអ្នកដំណើរចំនួន៣នាក់ ប្រុស២ស្រី១ តែពុំមានការរងរបួសអ្វីនោះទេ។
សមត្ថកិច្ចបានបន្ដថា នៅពេលកើតហេតុ ម្ចាស់រថយន្ដបានរត់គេចខ្លួន បាត់ស្រមោល ។ ហើយភ្លាមៗនោះកម្លាំង សមត្ថកិច្ចទាំងកម្លាំង អ,ហ ព្រមទាំងប្រជាពលរដ្ឋ ដែលទៅមើលហេតុការណ៏ បាន ជួយគ្នារុញរថយន្ដចេញ ដើម្បីយកសាកសពចេញពីក្រោមរថយន្ដ ដើម្បីប្រគល់ទៅឱ្យ ក្រុមគ្រួសារ យកទៅធ្វើបុណ្យទៅតាមប្រពៃណី ។
ក្រោយធ្វើការវាស់វែង នគរបាលចរាចរ បានយករថយន្តនិងម៉ូតូជនរងគ្រោះ មករក្សាទុកនៅអធិការដ្ឋាន នគរបាលក្រុងខេមរភូមិន្ទ ដើម្បីកសាងសំណុំរឿងទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្ត ។




ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top