ថៅកែមិនព្រមបើកប្រាក់ឈ្នួល3ខែ កម្មករនាំគ្នារឹបអូសម៉ាស៊ីនដេរ
រាជធានីភ្នំពេញ ៖ កម្មករ-កម្មការិនីសិប្បកម្មកាត់ដេរមួយ យីហោ ស៊ូអឹភើរៀល ចំនួនជិត៨០នាក់ បានបញ្ចេញប្រតិកម្ម តបតជាមួយនឹងថៅកែ ជនជាតិកូរ៉េម្នាក់ ដែលបានភូតកុហកពួកគេ ជាបន្តបន្ទាប់ម្តងហើយម្តងទៀត ពីរឿងពេលវេលា បើកប្រាក់ឈ្នួល ដែលពួកគេធ្វើការ រយៈពេល៣ខែចុងក្រោយនេះ មិនទាន់បានទទួលប្រាក់ឈ្នួល សូម្បីតែ១កាក់១សេន នៅទ្បើយទេ ។
ក្រុមកម្មករនិយាយថា បើកលុយឱ្យម្តង ថ្ងៃនេះ ម្តងថាថ្ងៃនោះ រហូតមកទល់នឹងពេលនេះ ក្រុមកម្មករទាំងនោះ អត់ទ្រាំលែងបានតទៅទៀត ក៏បាននាំគ្នាសែងម៉ាស៊ីនដេរ និងរបស់របរជាច្រើនទៀត ចេញពីក្នុងទីតាំងសិប្បកម្មនោះ ក្នុងបំណងយកទៅលក់ កាត់យកលុយប្រាក់ឈ្នួល ។ ប៉ុន្តែសកម្មភាពនេះ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ូលិស ប៉ុស្តិ៍ចោមចៅ ណែនាំឱ្យពួកគេមានការស្ងប់ស្ងាត់ និងអត់ធ្មត់ រង់ចាំអាជ្ញាធរខណ្ឌ ដោះស្រាយឱ្យ ទើបពួកគេនាំគ្នាសែងរបស់របរទាំងនោះ ចូលទៅក្នុងសិប្បកម្មវិញ ។
ហេតុការណ៍នោះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី៣០ មីនា ដែលសិប្បកម្មខាងលើនោះ មានទីតាំង ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ក្រុមកម្មករទាំងប្រុសទាំងស្រី បានឱ្យដឹងថា ពួកគេម្នាក់ៗ បានតស៊ូធ្វើការងារ នៅក្នុងសិប្បកម្មខាងលើនេះ យូរខែកន្លងមកហើយ និងមានថៅកែ ជាជនជាតិកូរ៉េ ជាអ្នកគ្រប់គ្រង ហើយនៅក្នុងខែដំបូងៗ ថៅកែបានបើកប្រាក់ឈ្នួលឱ្យជាធម្មតា ។ ប៉ុន្តែនៅរយៈពេល៣ខែ ចុងក្រោយនេះ ស្រាប់តែលែងបើកឱ្យ និងបានកុហករហូត ម្តងថាបើកឱ្យថ្ងៃនេះ និងម្តងថាបើកឱ្យថ្ងៃនោះ មិនមានភាពប្រាកដប្រជាសោះ ។
ពួកគេបន្តថា ពេលនេះពួកគេ បានជំពាក់ថ្លៃជួលផ្ទះគេស្នាក់នៅ ថ្លៃការហូបចុកផ្សេងៗ គ្រប់ៗគ្នា គ្មានប្រាក់សងគេនោះទេ ម្នាក់ៗ ស្ទើរដាច់ខ្យល់ហើយ ។ ម៉្យាងទៀត អ្វីដែលសំខាន់ថែមទៀតនោះ គឺនៅក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ។ ពួកគេនិយាយត្អូញត្អែរថា អ្វីៗត្រូវបានខកបំណងអស់ ព្រោះតែថៅកែមិនបើកប្រាក់ឈ្នួលឱ្យ ។ ថៅកែសិប្បកម្មខាងលើនេះ ក្រទ្បិចក្រទ្បុចខ្លាំងណាស់ និយាយកុហករហូត ។ នៅពេលដែលពួកគេ គំរាមប្តឹងសមត្ថកិច្ច ថៅកែនេះបានប្រាប់ថា ខ្លួនគ្មានប្រាក់បើកឱ្យពួកគេទេ គឺសុខចិត្តជាប់គុក ។
ការនិយាយក្នុងភាពមិនទទួលខុសត្រូវបែបនេះ បានធ្វើឱ្យពួកគេមានការក្តៅក្រហាយគ្រប់ៗគ្នា ទើបនៅវេលាព្រឹកថ្ងៃទី៣០ មីនា ពួកគេបាននាំគ្នា ជញ្ជូនម៉ាស៊ីនដេរ និងរបស់របរ នៅក្នុងសិប្បកម្មខាងលើ ចេញក្រៅ ក្នុងបំណងយកទៅលក់ ដើម្បីជាការកាត់កងគ្នា ។ ប៉ុន្តែនៅពេលនោះ ត្រូវបានសមត្ថកិច្ចរារាំង និងណែនាំឱ្យជញ្ជូនរបស់របរនោះ ចូលទៅក្នុងសិប្បកម្មវិញ រង់ចាំអាជ្ញាធរដោះស្រាយឱ្យ ។
មិនអាចស្វែងរកការបំភ្លឺ ណាមួយពីថៅកែជន ជាតិកូរ៉េ ដែលជាប់ចោទនោះបានទេ ហើយមិនទាន់ដឹងថា ពេលនេះលោកថៅកែ ស្ថិតនៅទីណានៅទ្បើយ ។ សង្ស័យទៅសម្ងំដេកនៅកាស៊ីណូ ណាមួយក៏មិនដឹងដែរ ព្រោះមិនអាចទាក់ទង បានតាមទូរស័ព្ទ ៕
ដោយ កោះសន្តិភាព
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: