រវាង Android 4.x និង iOS 7.1 តើមួយណាមានស្ថេរភាពក្នុងការប្រើប្រាស់ជាង?
សព្វថ្ងៃនេះ អ្នកប្រើប្រាស់ Android និង iOS នៅតែបន្ត ការតឹងសរសៃកដាក់គ្នា ពីលក្ខណៈពិសេសរបស់ iOS និង Android។ ជាការពិតណាស់ ប្រព័ន្ធប្រតិបត្តិការណ៍ទាំងពីរនេះ មានលក្ខណៈសម្បត្តិរៀងៗខ្លួន ដែលពិបាកក្នុងការវិនិច្ឆ័យណាស់ ថាមួយណា ពិសេសជាងមួយណានោះ។
ថ្ងៃនេះ Cambo Report នឹងមិនប្រៀបធៀបពីលក្ខណៈពិសេសរបស់ប្រព័ន្ធប្រតិតបត្តិការណ៍ទាំងពីរនោះទេ ប៉ុន្តែយើងនឹងនិយាយអំពីបញ្ហារបស់វាម្តង។ ខ្ញុំជឿថា អ្នកទាំងអស់គ្នាពិតជាធ្លាប់ជួបប្រទះនូវបញ្ហាមួយចំនួនកំឡុងពេលបើកកម្មវិធី រឺក៏ហ្គេមផ្សេងៗ ហើយវាស្រាប់តែ គាំង និងបិទចោលដោយខ្លួនឯងតែម្តង។
Crittercism គឺជាក្រុមហ៊ុនមួយដែលបានចំណាយពេលមួយរយៈសិក្សាស្រាវជ្រាវ ពីបញ្ហាគាំងរបស់ Android និង iOS នេះ ហើយលទ្ធផលដែលគេទទួលបានគឺពិតជាភ្ញាក់ផ្អើលជាខ្លាំង។ នៅក្នុងប្រព័ន្ធប្រតិបត្តិការណ៍ Android ជំនាន់ដែលមានបញ្ហាឧស្សាហ៍ Crash ជាងគឺគឺ Ginger Bread 2.3 ដែលកម្រិតនៃការគាំងរបស់វាមានចំនួន 1.7% ឯណោះ។ ចំណែកឯ Android 4.0 ICS, Jellybean និង kitkat 4.4 វិញ គឺមានកម្រិត Crash តិចជាងគេ ត្រឹមតែ 0.7% ភាគរយប៉ុណ្ណោះ។
ក្រឡេកទៅមើល iOS វិញ កម្រិត Crash របស់វា គឺមានខ្ពស់ជាង Android ឆ្ងាយណាស់ ដែល iOS 6 មានកម្រិត Crash ចំនួន 2.5%, iOS 7.0.x មានកម្រិត Crash 2.1% និង iOS 7.1 ដែលទើបតែនឹងបញ្ចេញអោយប្រើប្រាស់នេះវិញ មានកម្រិត Crash 1.6%។
ដូច្នេះ បើយើងប្រៀបធៀបកម្រិតគាំងរបស់វានោះអោយឃើញថា iOS 7.1 ឧស្សាហ៍គាំងជាង Android 4.x ដល់ទៅពីរដងឯណោះ។ មូលហេតុដែលធ្វើអោយ iOS ឧស្សាហ៍គាំងនោះក៏ដោយសារតែកម្លាំងម៉ាស៊ីនរបស់វាតូច ប៉ុន្តែវាត្រូវដំណើរការកម្មវិធីធំៗជាច្រើន ដែលជាមូលហេតុធ្វើអោយវាឧស្សាហ៍គាំង ហើយបិទដោយស្វ័យប្រវត្តិ។ យ៉ាងណាមិញ Apple កំពុងតែដោះស្រាយបញ្ហាមួយនេះហើយ ពោលបើអ្នកកំពុងប្រើប្រាស់ iOS 7.1 នោះអ្នកនឹងដឹងពីភាពខុសគ្នារវាង iOS 7.1 និង iOS 7.0.x។
ទន្ទឹមនឹងនេះដែរ គេក៏បានសិក្សាស្រាវជ្រាវឃើញថា iPhone 5 គឺជាឧបករណ៍ដែលមាន Hardware ល្អ មិនឧស្សាហ៍គាំងកម្មវិធីឡើយ បន្ទាប់មកទៀតមាន iPhone 5S, iPhone 4S, iPad 4, iPad 3 និង iPad 2។ ឧបករណ៍ដែលឧស្សាហ៍គាំងកម្មវិធីនេះ ភាគច្រើនគឺជា iPad 2, iPad mini, iPhone 4 ជាដើម ព្រោះអីវាមានកម្លាំងម៉ាស៊ីនអន់ មិនអាចទ្រាំទ្របានកម្មវិធីច្រើន។
តើអ្នកទាំងអស់គ្នាយល់ស្របនឹង លទ្ធផលសិក្សាស្រាវជ្រាវនេះដែររឺទេ? សម្រាប់ខ្ញុំផ្ទាល់ដែលកំពុងប្រើប្រាស់ iPad ខ្ញុំទទួលស្គាល់ថាវាគឺពិតជាឧស្សាហ៍គាំងហើយបិទដោយស្វ័យប្រវត្តិពិតមែន ជាពិសេសកម្មវិធី Facebook តែម្តង។ សង្ឃឹមថា នៅថ្ងៃទៅមុខ Apple នឹងកែសម្រួលចន្លោះប្រហោងនេះទៅចុះ ព្រោះវាគឺជាបញ្ហាដ៏ឈឺក្បាលមួយ សម្រាប់អ្នកប្រើប្រាស់គ្រប់គ្នា។
ផ្សាយក្នុងក្រុម កម្សាន្តប្លែកៗ
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: