ទំនប់វារីអគ្គិសនីស្ទឹងអាតៃបើកដាក់ឲ្យដំណើរការ
ពោធិ៍សាត់ៈ បន្ទាប់ពីមានរឿងអាស្រូវជាច្រើនលើឆាកអន្តរជាតិគម្រោងសង់ទំនប់វារីអគ្គិសនីកម្លាំង ១២០ ម៉េហ្គាវ៉ាត់នៅស្ទឹង អាតៃ ក្នុង ខេត្តពោធិ៍សាត់ និងខ្សែបញ្ជូនអគ្គិសនី បានចាប់ផ្តើមសម្ពោធជាផ្លូវការកាលពីម្សិលមិញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើជាអធិបតីភាពក្នុងពិធីសម្ពោធនេះ។
គម្រោងទំនប់វារីអគ្គិសនីតម្លៃ ២៥៥ លានដុល្លារដែលផ្តល់មូលនិធិដោយធនាគារអភិវឌ្ឍន៍ចិន បានដំណើរការចាប់តាំងពី ខែមិថុនា ឆ្នាំមុនមកម៉្លេះដែលបានសាងសង់តាំងពី ២០០៨ ស្ថិតក្រោមគម្រោងសាងសង់ប្រតិបត្តិការ និងផ្ទេរ (BOT) ចំណែកឯខ្សែបញ្ជូនតម្លៃ ១១៣ លានដុល្លារតភ្ជាប់ពីទំនប់ទៅ ភ្នំពេញ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ទើបតែបញ្ចប់ថ្មីៗនេះប៉ុណ្ណោះ។ គម្រោងនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Cambodia Hydropower Development Co., Ltd ជាបុត្រសម្ព័ន្ធក្រុមហ៊ុន China Datang Corporation។
ថ្លែងនៅក្នុងពិធីសម្ពោធនោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើការកោតសរសើរចំពោះការសម្រេចបាននេះ ហើយជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុន ចិន ឲ្យបន្តមកធ្វើការវិនិយោគបន្ថែមទៀត។
លោកថ្លែងថា៖ «ទំនប់វារីអគ្គិសនី អាតៃ នឹងបង្កើនសម្ថភាពការផ្គត់ផ្គង់ថាមពលអគ្គិសនីនិងជួយកាត់បន្ថយភាពពឹងផ្អែកលើការប្រើប្រាស់អគ្គិសនីដោយប្រើមាស៊ូត ហើយវានឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក និងការកាត់បន្ថយភាពក្រីក្រ»។
លោក Wang Yeping អនុប្រធានក្រុមហ៊ុន China Datang មានប្រសាសន៍ថា ទំនប់វារីអគ្គិសនី អាតៃ នេះគឺអាចមានលទ្ធភាពផលិតថាមពលបាន ៤៦៥ គីឡូវ៉ាត់ក្នុងមួយឆ្នាំ។ លោកថ្លែងថា៖ «ខ្ញុំពិតជាមានទំនុកចិត្តថា ការអភិវឌ្ឍនិងការដាក់ឲ្យដំណើរការនូវគម្រោងទាំងពីរនេះគឺជួយសម្រួលដល់ស្ថានភាពខ្វះខាតក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅ កម្ពុជា»។
ក្នុងរយៈពេល ៥ឆ្នាំ នៃដំណើរការសាងសង់ទំបន់នេះ បង្កឲ្យកើតមានមហន្តរាយរាប់ទាំងការធ្វើឲ្យបាត់បង់ក្រពើ ការបំផ្លាញព្រៃអភិរក្ស ភ្នំក្រវាញ និងការបែកបំពង់ទឹក បង្ករបួសដល់មនុស្ស ៥នាក់ និងសម្លាប់មនុស្ស ៤នាក់ ទៀត។
លោកស្រី Ame Trandem អ្នកសម្របសម្រួលនៃអង្គការទន្លេអន្តរជាតិ បានថ្លែងថា៖ «វាមិនមែនជារឿងភ្ញាក់ផ្អើលទេ ដែលមានការត្រួតពិនិត្យមិនល្អលើគម្រោងនេះ ព្រោះផែនការគ្រប់គ្រងបរិស្ថានរបស់ទំនប់នេះ មានគុណភាពអន់ជាមួយនឹងមូលនិធិមិនគ្រប់គ្រាន់ ហើយមិនបានផ្តល់សេចក្តីសម្រេចអំពីថា តើអ្នកណាដែលទទួលខុសត្រូវឃ្លាំមើលនោះ និងទម្រង់នៃការឃ្លាំមើលឡើយ»។
ក្នុង ឆ្នាំ២០០៩ ក្រុមហ៊ុន MDS Import-Export របស់លោក ឧកញ៉ា ទ្រី ភាព បានទទួលអាជ្ញាប័ណ្ណឲ្យឈូសឆាយព្រៃក្នុងអំឡុងពេលសាងសង់។ ប៉ុន្តែ ភ្នំពេញ ប៉ុស្តិ៍ បានរកឃើញកាលពីខែមុនថា ការឈូសឆាយខុសច្បាប់នៅតំបន់នេះកំពុងតែបន្តកើតឡើង។
ចិន គឺជាអ្នកវិនិយោគធំជាងគេមួយទៅលើការអភិវឌ្ឍគម្រោងទំនប់វារីអគ្គិសនីនៅ កម្ពុជា។ តាមរបាយការណ៍របស់ក្រសួង រ៉ែ និង ថាមពល មានទឹកប្រាក់វិនិយោគដោយក្រុមហ៊ុន ចិន ជាង ១,៦ ពាន់លានដុល្លារទៅលើទំនប់វារីអគ្គិសនី ៦ គម្រោងហើយដែលមានសម្ថភាពផលិតបានចំនួន ៩២៨ មេហ្គាវ៉ាត់។ បច្ចុប្បន្នមានទំនប់វារីអគ្គិសនី ៥ ហើយដែលបានដាក់ឲ្យដំណើរការ ហើយនៅសល់តែគម្រោងទំនប់វារីអគ្គិសនី តាតៃ មួយទេ ដែលមានសមត្ថភាពផលិតបាន ២៤៦ មេហ្គាវ៉ាត់ គឺគ្រោងនឹងបើកសម្ពោធនៅឆ្នាំក្រោយ។
របាយការណ៍មួយនាពេលថ្មីៗនេះរបស់ធនាគារពិភពលោកបង្ហាញថា បច្ចុប្បន្នប្រជាជនតែ ២៦ ភាគរយប៉ុណ្ណោះមានលទ្ធភាពប្រើប្រាស់អគ្គិសនីដែលផ្គត់ផ្គង់ដោយរដ្ឋាភិបាលជាអត្រាទាបបំផុតនៅលើពិភពលោក៕ TK
រូបភាពសាងសង់ទំនប់វារីអគ្គិសនីស្ទឹងអាតៃកាលពីឆ្នាំ២០១២។ ថារ៉ា
ផ្សាយក្នុងក្រុម ផ្សេងៗ
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: