កម្មករ កម្មការិនី រោងចក្រ មូន បន្តដុតកង់រថយន្ត នៅខាងមុខរោងចក្រ

0

ភ្នំពេញ ៖ កង់រថយន្ត ត្រូវបានឆាបឆេះ ទាំងព្រឹកព្រលឹម ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤នេះ នៅខាងមុខ រោងចក្រមូន ដោយសារតែ កម្មករ កម្មការិនី បានប្រមូលផ្តុំគ្នាតវ៉ា បង្កឲ្យមានការភ្ញាក់ផ្អើល ដល់របស់ ប្រជាពលរដ្ឋ ស្មានតែមានករណី អគ្គិភ័យកើតឡើង កាលពីវេលាម៉ោង៦ព្រលឹម ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅមុខរោងចក្រមូន ដែលមានទីតាំង តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា មានកម្មករ កម្មការិនី ពី៥០ទៅ៦០នាក់ បានបន្តប្រមូលផ្តុំគ្នា តវ៉ា និងមានការ ដុតកង់រថយន្ត ធ្វើឲ្យផ្សែងហុយខ្មួលខ្មាញ់ លើអាកាសវេហា ទាំងព្រឹកព្រលឹម ដែលមានការដឹកនាំ ដោយ សហជីព ស្មារតីកម្មករខ្មែរ លោក មុំ សៀក ជាប្រធាន ធ្វើដើម្បីនូវប្រយោជន៍ របស់ខ្លួន ទាមទារនូវលក្ខខណ្ឌ ១៧ចំណុច ដែលកន្លងមក ទាមទារឲ្យភាគីខាងរោងចក្រ មានដំណោះស្រាយ ដែលអូសបន្លាយ អស់រយះពេល ២៦ថ្ងៃមកហើយ ។ ក្នុងនោះ អ្វីដែលសំខាន់ ការទាមទារ កម្មករចំនួន ៣នាក់ ឲ្យចូលធ្វើការវិញ បន្ទាប់ពី រោងចក្របាន បញ្ឈប់ពួកគាត់ ។

សេចក្តីរាយការណ៍ បានបន្តទៀតថា ទោះជាយ៉ាងណាក៏ដោយ កម្មករ៣នាក់ ដែលគេទាមទារនោះ ត្រូវរោងចក្រ បញ្ឈប់បន្ទាប់ពីបញ្ចប់ នូវកិច្ចសន្យា ភាគីខាងរោងចក្រ ប្រកាន់នូវជំហរ ដាច់ខាតមិនយក កម្មករទាំង៣នាក់ ដែលមាន ១- ឈ្មោះ ម៉េង ម៉ុន ភេទប្រុស អាយុ៣៤ឆ្នាំ ២-ឈ្មោះ ខឹម រីតា ភេទស្រី អាយុ២៣ឆ្នាំ ៣-ឈ្មោះ ម៉េង សាវ៉ាត ភេទស្រី អាយុ២៨ឆ្នាំ ចូលធ្វើការវិញទេ ។

ក្រោយការតវ៉ា និងការក្រោយការរំសាយ របស់ក្រុមកម្មករ រួចមក នៅវេលាម៉ោង ប្រមាណ ៨ព្រឹកថ្ងៃដដែលនេះ លោក ជា សុខហៀង ចៅក្រម សាលាដំបូង រាជធានីភ្នំពេញ រួមជាមួយលោក អភិបាលរង ខណ្ឌពោធិ៍សែនជ័យ និងមន្រ្តីពាក់ព័ន្ធ ជាច្រើនរូបទៀត អញ្ជើញមកអានដីការបង្គាប់ លេខ០៦ណ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ ដោយទី១- បង្គាប់ឲ្យ កម្មកររោងចក្រ រោងចក្រខាងលើ បញ្ឈប់នូវសកម្មភាព ធ្វើបាតុកម្មក កូដកម្ម ក្នុងរយះ ពេល៤៨ម៉ោង ចាប់ពីទទួលបានដីកា បង្គាប់រួចមក ទី២- បញ្ឈប់សកម្មភាពដាក់មេក្រូ និងឧបលរណ៍បំពង សំឡេង នៅមុខរោងចក្រ ខាងលើ ទី៣- មិនអនុញាតឲ្យកម្មករចំនួន៣នាក់ ដូចមានឈ្មោះខាងលើ ចូលបំរើការងារ នៅក្នុងរោងចក្រ មូន ជាបណ្តោះអាសន្ន ។

សេចក្តីរាយការណ៍បានបន្តទៀតថា ក្រោយអានដីការបស់ចៅក្រម រួចមក ក្រុមកម្មករ ប្រមាណ ៩០ភាគរយ បានត្រឡប់ចូលធ្វើការដូចធម្មតាវិញ៕

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top