ផ្អាកការរុករកយន្តហោះ MH-370 ជាលើកទី២ ដោយសារ អាកាសធាតុកាន់តែអាក្រក់
ក្រុងភឺត ៖ ការស្វែងរកបំណែកយន្តហោះ MH-370 ត្រូវបានហៅឲ្យត្រឡប់មកវិញ ដោយសារតែអាកាសធាតុកាន់តែអាក្រក់ឡើងនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា ហើយនេះជាលើកទី២ហើយដែលក្រុមប្រតិបត្តិការត្រូវផ្អាកការរុករកដោយសារតែអាកាសធាតុអាក្រក់។ យន្តហោះ និងកប៉ាល់រុករកទាំងអស់ត្រូវបានបញ្ជាឲ្យចាកចេញពីតំបន់នោះ។
បើតាមអាជ្ញាធរសុវត្ថិភាពដែនសមុទ្ររបស់ប្រទេសអូស្ត្រាលីបានឲ្យដឹងថា ប្រតិបត្តិការស្វែងរកយន្តហោះនាពេលនេះ ត្រូវបានផ្អាក ដោយសារតែអាកាសធាតុអាក្រក់។ យន្តហោះនិងកប៉ាល់ទាំងអស់ត្រូវបានត្រឡប់ចាកចេញទៅកាន់ទីក្រុង Perthវិញ ដោយគេចចេញពីតំបន់រុករកនោះ។
យន្តហោះយោធាចំនួន៦ និងយន្តហោះស៊ីវិលចំនួន៥ រួមទាំងកប៉ាល់ចំនួន៥ផងត្រូវបានបញ្ជូនទៅស្វែងរកយន្តហោះMH-370 ដែលបានបាត់នៅសមុទ្រឥណ្ឌាភាគខាងត្បូង ដែលទំហំនៃការស្វែងរកមានប្រមាណ៧៨.០០០ គីឡូម៉ែត្រការ៉េ។
យន្តហោះ Boeing 777 ជើងហោះហើរលេខMH-370 បានបាត់ចេញពីរ៉ាដា កាលពីថ្ងៃទី៨ ខែមិនា ដោយមានអ្នកដំណើរនិងអាកាសយានិកចំនួន២៣៩នាក់ផង ក្នុងដំណើរចាកចេញពីទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ប្រទេសចិន។
កាលពីថ្ងៃពុធរដ្ឋមន្ត្រី ដឹកជញ្ជូនម៉ាឡេស៊ី បានឱ្យដឹងថា រូបភាពថ្មីតាមប្រព័ន្ធផ្កាយរណប បានបង្ហាញ វត្ថុជាង១០០កំពុងអណ្ដែតនៅក្នុងតំបន់ភាគខាងត្បូងមហាសមុទ្រឥណ្ឌា ដែលអាចជាបំណែកជើងហោះហើរ MH370។
លោករដ្ឋមន្ត្រីហ៊ីសាំមូឌីន ហ៊ូសេន( Hishammuddin Hussein)បាន ថ្លែងនៅក្នុងសន្និសីទកាសែតថា រូបភាពថ្មី ត្រូវថតបានដោយស្ថានីយអវកាសការពារដែនអាកាស ដែលមានមូលដ្ឋាននៅប្រទេសបារាំង កាលពីថ្ងៃទី២៣មីនាមុននេះ។
លោកហ៊ូសេន បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ឆ្លងតាមការវិភាគពីទីភ្នាក់ងារវាយតម្លៃ MRSA របស់ប្រទេសម៉ាឡេស៊ី រូបភាពនៅលើផ្ទៃសាគរទំហំ៤០០គ.ម ក្រឡា អាចមើលឃើញវត្ថុចំនួន១២២ ដែលវត្ថុខ្លះមានប្រវែង១ម៉ែត្រ ហើយខ្លះទៀតប្រវែងប្រហែល២៣ម៉ែត្រ។ រីឯវត្ថុខ្លះទៀត មានពណ៌ ភ្លឺដែលអាចជាលោហៈ ហើយវាមានចម្ងាយប្រហែល២៥៥៧គ.ម ពីទីក្រុងភើស ប្រទេសអូស្ត្រាលី។
លោក បានបន្តទៀតថា ទាំងនេះគឺជារូបភាពអាចមើលឃើញ ដូចអ្នកបានឃើញហើយថា វាពិបាក មើលបន្តិចហើយ ដោយសារពពកបិទបាំងពីលើជិត តែមានចំណុចស.ជាច្រើនដែលអាចជាបំណែកយន្តហោះ បាត់ខ្លួន៕
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: