នៅក្នុងប្រទេសកម្ពុជាយើងមានប្រជាជនភាគច្រើនមិនសូវជាដឹង ឬចូលចិត្តប្រើប្រាស់ស្មាតហ្វូន ឬផលិតផលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ZTE នោះទេ ដោយសារតែពីមាត់មួយទៅមាត់មួយតែងតែនិយាយថា ផលិតផលចិនមិនសូវជាល្អនោះទេ តែកុំយល់ច្រឡំអោយសោះនោះដោយសារតែមានពលរដ្ឋមួយចំនួនយល់មិនទាន់ដល់ និងខ្វះការពិចារណាខ្ពស់ទៅលើសមត្ថភាព គុណភាព និងតម្លៃរបស់វា។ ZTE គឺជាក្រុមហ៊ុនល្បីមួយនៅប្រទេសចិន វាបានចាប់កំនើតតាំងតែពីឆ្នាំ 1985 មកម្ល៉េះ ហើយរាល់ផលិតផល ZTE នីមួយៗមិនមែនមានគុណភាពអន់នោះទេ មិនថាផលិតផលអេឡិចត្រូនិចកុំព្យូទ័រ ស្មាតហ្វូន ក៏ដូចជាផលិតផលជាច្រើនផ្សេងៗទៀត ដែលយើងអាចទទួលយកទាំងគុណភាព និងតម្លៃរបស់វាបានដូចគេឯង។
ដោយឡែកកាលពី 2 សប្ដាហ៍មុន ខេមបូ បានចេញផ្សាយពត៌មានរបស់ស្មាតហ្វូន ZTE ម៉ូឌែល Nubia Z5S ម្ដងរួចទៅហើយ ដែលវាមានសមត្ថភាពខ្លាំងមិនអន់នោះទេ។ ចំនែកថ្ងៃនេះយើងនឹងនាំប្រិយមិត្តអោយស្គាល់ស្មាតហ្វូនកប់ស៊េរីមួយទៀត ដែលជាអាវុធមុតស្រួចរបស់ ZTE ក្នុងដើមឆ្នាំ 2014 នេះ ដោយវាមានរូបរាងធំជិតស្មើរនឹងថេប្លេតមួយទៅហើយ វាមានឈ្មោះថា ZTE Nubia X6។
Nubia X6 គឺជាទូរស័ព្ទទំនើប និងចុងក្រោយបង្អស់របស់ ZTE ដែលវាត្រូវបានរចនាឡើងមកជាមួយរូបរាងគួរអោយទាក់ទាញបំផុត ព្រោះតួម៉ាស៊ីនរបស់វាត្រូវបានស្រោបឡើងដោយលោហៈធាតុអាលុយមីញ៉ូមពណ៌ទឹកប្រាក់ស្រស់ស្អាត ដែលធ្វើអោយវាមានទម្ងន់ស្រាល និងឡូយពិសេសនៅពេលកាន់ក្នុងដៃ។ វាត្រូវបានបំពាក់មកជាមួយឈីប CPU Snapdragon 801 មានល្បឿនរហ័ស 2.3GHz វាមាន Ram 3GB និង GPU ប្រភេទ Adreno 330 ដែលកម្លាំងរបស់វាគឺខ្លាំងមិនចាញ់Galaxy S5, Xperia Z2 និងHTC One M8 នោះទេ។
លើសពីនេះទៅទៀតសម្រាប់អ្នកចូលចិត្តថតរូបគឺពិតជាពេញចិត្ត ពិសេសថតកាមេរ៉ាខាងមុខ ដោយ Nubia X6 មានកាមេរ៉ាមុខដល់ទៅ 13 មេហ្គាភិចសែលឯណោះ ជាមួយបច្ចេកវិទ្យា Aperture f/2.2 ធ្វើអោយការថតរូបកាន់កាន់តែល្អច្បាស់ និងស៊ីជំរៅ។ ចំនែកឯកាមេរ៉ាក្រោយក៏មានទំហំ 13 មេហ្គាភិចសែលដូចគ្នា តែវាមាន Aperture f/2.0 ដែលអាចចាប់យករូបភាពបានច្បាស់ជាងកាមេរ៉ាមុខ នៅទីកន្លែងមានពន្លឺតិច និងអាចចាប់យករូបភាពបានលឿន និង Focus បានរហ័ស។ Nubia X6 មានទំហំអេក្រង់ 6.44 អ៊ីញដែលទំហំនេះជិតស្មើនឹងថេប្លេតទៅហើយ វាមានកំរិតរូបភាព 1080p និងដង់ស៊ីតេ 342ppi ផ្ដល់រូបភាពច្បាស់ខ្លាំង ត្រជាក់ភ្នែក និងម៉ត់រលោង គួរជាទីគយគន់។
អាវុធដ៏មុតស្រួចរបស់ ZTE ម៉ូឌែលនេះ ត្រូវបានដាក់អោយដំនើរការជាមួយប្រព័ន្ធប្រតិបត្តិការ Android KitKat ជំនាន់ 4.4.2 អាចប្រើប្រាស់បានស៊ីមដល់ទៅ 2 និងមានកម្លាំងថ្មខ្លាំងដល់ទៅ 4250mAh ធ្វើអោយការប្រើប្រាស់បានកាន់តែយូរ។ ស្មាតហ្វូនទំនើបមួយនេះត្រូវបានដាក់លក់បន្ដើរហើយនៅទីផ្សារប្រទេសចិន ក៏នឹងត្រៀមបញ្ចូនទៅកាន់ទីផ្សារក្រៅប្រទេសជាច្រើនទៀតទៅតាមតម្លៃរបស់ម៉ាស៊ីនដូចខាងក្រោម៖
- ZTE Nubia 32GB = 485$
- ZTE Nubia 64GB = 565$
- ZTE Nubia 128GB = 645$
ផ្សាយក្នុងក្រុម បច្ចេកវិទ្យា
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: